គេបានប្រទះឃើញគ្រោងឆ្អឹងមនុស្ស កាលពីរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ ដែលមានចម្ងាយពីភូមិប្រជាពលរដ្ឋរស់នៅប្រហែល១ ៥០០ម៉ែត្រ ចំណុច ការប៉ាយ ស្ថិតក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
សេចក្តីរាយការណ៏បន្តថា ក្រោយទទួលដំណឹងពីឈ្មោះ យល់ នឿន ជាអ្នកដកផ្សិតដែលប្រទះឃើញលលាដ៏ក្បាលនិងឆ្អឹងមនុស្សនោះ កម្លាំងនគរបាលប៉ុស្តិ៍ចុងផ្លាស់ បានរាយការណ៍បន្តទៅលោកអធិការដើម្បីសុំកម្លាំងជំនាញជួយចុះស្រាវជ្រាវនិងត្រួតពិនិត្យ។ក្រោយពីកម្លាំងជំនាញបានមកដល់កន្លែងកើតហេតុនោះភ្លាមបានធ្វើការត្រួតពិនិត្យជុំវិញកន្លែងប្រទះឃើញលលាដ៏ក្បាលខ្មោច បានរុករកឃើញបន្ថែមដូចជាៈ ខោជើងវែងពណ៌ប្រផេះចំនួន០១ ខោលីអូរហែក០១ ឆ្អឹងកំភួនដៃ១គូ ឆ្អឹងដើមដៃ១ ឆ្អឹងស្លាបត្រជៀវ១, ឆ្អឹងស្មងជើង១គូ ឆ្អឹងភ្លៅ១គូ។
ក្នុងករណីនេះប្រជាពលរដ្ឋដែលរស់នៅតំបន់ក្បែរនោះ បានប្រាប់ថាធ្លាប់ឃើញមនុស្សម្នាក់ (មិនស្គាល់អត្តសញ្ញាណ)មានសតិមិនគ្រប់គ្រាន់ចេះភ័យខ្លាចពីនេះពីនោះ ក្រោយមកក៍បាត់ខ្លួននៅអំឡុងមុនចូលឆ្នាំចិន។
សមត្ថកចិ្ចបានស្រាវជ្រាវស្វែងរកសាវតារ និងសាច់ញាតិរបស់គ្រោងឆ្អឹងមនុស្សដែលស្លាប់ក្នុងព្រៃ បន្ទាប់ពីការស្រាវជ្រាវបានរកឃើញថាគ្រោងឆ្អឹងសាកសពនោះមានឈ្មោះ លាង សុខឡេង ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិដូនជ្រាំ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។ ដែលបានបាត់ខ្លួនកាលពីថ្ងៃទី២៨ មករា ២០១៩ នៅចំណុចអូរការប៉ាយ ស្ថិតក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
បច្ចុប្បន្នគ្រោងឆ្អឹងសពនោះ សមត្ថកិច្ចយើងបានប្រគល់ជូនក្រុមគ្រួសារ និងសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដកស្រង់ចេញពីកម្មវិធីត្នោតខ្មែរ

No comments:
Post a Comment